ការគ្រប់គ្រងលើកទីមួយរបស់ព្រះសីហនុ១៩៥៣-១៩៧០
ព្រះរាជាណាចក្រកម្ពុជាតាមលទ្ធផលនៃសន្និសិទសឺណែវលើឥណ្ឌូចិន កម្ពុជាអាចឲមានការដកទ័ពរបស់វៀតមិញពីទឹកដីរបស់ខ្លួន ហើយនិងតស៊ូប្រឆាំងនឹង ការប៉ះពាល់ដែលនៅសេសសល់លើអធិបតេយ្យភាព របស់ខ្លួនតាមរយៈមហាអំណាចខាងក្រៅ ។
អព្យាក្រិត្យគឺជាធាតុស្នូលនៃនយោបាយការបរទេស របស់កម្ពុជាកំឡុងទសវត្ស១៩៥០និង១៩៦០ ។ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ ភាគខ្លះនៃខេត្តមួយចំនួននៅភាគខាងកើត របស់កម្ពុជាកំពុងតែប្រើជាមូលដ្ឋានទ័ពរបស់កងទ័ពវៀតណាមខាងជើងនិង កងកម្លាំងវៀតកុង (NVA/VC) ដែលកំពុងប្រតិបត្តិការតទល់នឹងវៀតណាមខាងត្បូង ហើយនិងកំពុងផែព្រះសីហនុក៏ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ពួកគេដែរ ។ ពេលនោះសកម្មភាពរបស់វៀតកុង (NVA/VC) បានរីកចំរើនឡើង ដែលសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងមានការព្រួយបារម្ភ ហើយនៅឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានផ្ដើមការវាយឆ្មក់ ដោយទម្លាក់គ្រាប់បែកជាបន្តបន្ទាប់យ៉ាងយូរ១៤ខែតម្រង់ទីនៅរបស់វៀតកុង ដែលនាំឲមានការជ្រួលច្របល់ ។ សម្ដេចសីហនុ ខ្លាចថាការប៉ះទង្គិចរវាងវៀតណាមខាងជើងកុម្មុយនិស្ត និងវៀតណាមខាងត្បូងអាចនឹងខ្ចាយរាលដាលមកលើកម្ពុជា ទ្រង់បានប្រឆាំងយ៉ាងខ្លាំងលើយុទ្ធនាការទម្លាក់គ្រាប់បែក ដោយសហរដ្ឋអាមេរិកតាមបណ្ដោយព្រំដែនវៀតណាម-កម្ពុជាហើយនិងនៅក្នុងទឹកដីកម្ពុជា ។ សម្ដេចសីហនុចង់ឲកម្ពុជានៅក្រៅការប៉ះទង្គិចគ្នារវាងវៀតណាមខាងជើង-វៀតណាមខាងត្បូង និងសង្កត់ធ្ងន់មែនទែនលើរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (រដ្ឋាភិបាលវៀតណាមខាងត្បូង) ។ សហរដ្ឋអាមេរិកអះអាងថាយុទ្ធនាការទម្លាក់គ្រាប់បែក បានចូលរួមមិនលើសពីដប់ដងទៀតទេ និងក្រោយមកទៀត២០ម៉ាយល៍(32 km) នៅខាងក្នុងព្រំដែនកម្ពុជា ជាតំបន់ដែលប្រជាជនកម្ពុជាត្រូវបានបណ្ដេញចេញដោយវៀតកុង ។[៥] សម្ដេចសីហនុ កំពុងតែប្រឈមមុខនឹងការតស៊ូខាងក្នុងប្រទេសទល់នឹងព្រះអង្គផ្ទាល់ ដោយសារតែការរើបំរះរបស់ពួកខ្មែរក្រហម ទ្រង់មិនចង់ឲកម្ពុជាមានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចនេះទេ ។ ព្រះសីហនុចង់ឲសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (វៀតណាមខាងត្បូង) រក្សាសង្គ្រាមឲនៅឆ្ងាយពីព្រំដែនកម្ពុជា ។ ព្រះអង្គមិនត្រឹមតែព្យាយាម ទប់ស្កាត់ពួកកងទ័ពវៀតណាមខាងជើងកុម្មុយនិស្តពីការចូលទឹកដីកម្ពុជាទេ ប៉ុន្តែទ្រង់ក៏មិនអនុញ្ញាតឲសហរដ្ឋអាមេរិកប្រើដែនអាកាស និងព្រលានយន្តហោះសំរាប់គោលបំណងយោធាទៀត ។ រឿងនេះបានធ្វើឲសហរដ្ឋអាមេរិកអាក់អន់ចិត្តជាខ្លាំង ។ សហរដ្ឋអាមេរិកបានមើលឃើញ សម្ដេចសីហនុជាអ្នកមានចិត្តសណ្ដោសវៀតណាមខាងជើង និងជាបន្លាសហរដ្ឋអាមេរិក អាមេរិកក៏ប្រើពួកស៊ីអាយអេ រឺសេអ៊ីអា (CIA) ឲរៀបចំផែនការកម្ចាត់ព្រះសីហនុ ។[៦]
ពេញមួយទសវត្សឆ្នាំ១៩៦០ នយោបាយកម្ពុជាក្នុងប្រទេសបានប្រេះឆាគ្នា ។ ការប្រឆាំងនឹងរាជរដ្ឋាភិបាលបានរីកធំឡើងនៅក្នុងវណ្ណៈកណ្ដាល និងពួកឆ្វេងនិយមរួមមានពួកអ្នកដឹកនាំដែលរៀននៅប៉ារីសដូចជា ស៊ុន សេន, អៀង សារី និងសាឡុត ស (ដែលក្រោយមកបានស្គាល់ថាជា ប៉ុល ពត) ជាអ្នកបានដឹកនាំកុបកម្មក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តកម្ពុជាដោយសម្ងាត់ (CPK)។ ព្រះសីហនុបានហៅពួកកុបករទាំងនោះថាខ្មែរក្រហម ។ ក៏ប៉ុន្តែការបោះឆ្នោតសភាជាតិឆ្នាំ១៩៦៦ បានបង្ហាញឲឃើញការទោរទន់ទៅខាងស្ដាំដោយសម្ងាត់ ហើយឧត្ដមសេនីយ៍ លន់ នល់បានបង្កើតរដ្ឋាភិបាលថ្មីមួយដែលបន្តរហូតដល់ឆ្នាំ១៩៦៧ ។ កំឡុងឆ្នាំ១៩៦៨និង១៩៦៩ កុបកម្មបានកាន់តែអាក្រក់ឡើង ។ នៅខែសីហា១៩៦៩ លន់ នល់ បានបង្កើតរដ្ឋាភិបាលថ្មីមួយ ។ សម្ដេចសីហនុបានយាងចេញទៅក្រៅប្រទេស ដោយសារតែមូលហេតុព្រះរាជសុខភាពនៅខែមករា១៩៧០ ។
No comments:
Post a Comment