កម្ពុជាប្រជាធិបតេយ្យ (សម័យខ្មែរក្រហម)
ភ្លាមៗបន្ទាប់ពីជោគជ័យ បក្សកុម្មុយនិស្តកម្ពុជាបានបញ្ជាឲមានការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្តនានាទាំងអស់ ដោយបញ្ជូនប្រជាជនក្នុងក្រុងទាំងស្រុងទៅជនបទដើម្បីធ្វើការជាកសិករ តាមរយៈបក្សកុម្មុយនិស្តកម្ពុជាកំពុងតែខិតខំព្យាយាម ដើម្បីកែទម្រង់សង្គមឡើងវិញទៅតាមគំរូដែល ប៉ុល ពតបានផ្ដួចផ្ដើមឡើង ។រាប់ពាន់នាក់បានអត់អាហារ រឺស្លាប់ដោយជំងឺកំឡុងពេលជម្លៀសនិងជាផលអាក្រក់នៃការជម្លៀស ។ ភាគច្រើននៃពួកគេទាំងនោះត្រូវបានបង្ខំឲចាកចេញពីទីក្រុង ដែលត្រូវតាំងទីលំនៅនៅក្នុងភូមិនានាដែលបានបង្កើតថ្មី ដែលទីនោះខ្វះអាហារ ឧបករណ៍កសិកម្ម និងការថែទាំខាងសុខភាព ។ អ្នកខ្លះដែលរស់នៅទីក្រុងបានបាត់បង់ជំនាញចាំបាច់ដើម្បីចិញ្ចឹមជីវិត នៅក្នុងបរិស្ថានស្រែចំការ ។ មនុស្សរាប់ពាន់នាក់បានអត់ឃ្លានមុនពេលការប្រមូលផលលើកដំបូង ។ ភាពអត់ឃ្លាននិងកង្វះជីវជាតិ—ស្ទើរតែមកដល់ការដាច់ពោះ—មានជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ ។ ភាគច្រើនពួកអ្នកដឹកនាំយោធា និងរដ្ឋការកណ្ដាលនៃរបបមុនដែលបានធ្វើឲខ្ចរខ្ចាយអាថ៌កំបាំងអតីតភាពរបស់ពួកគេត្រូវគេយកទៅសម្លាប់ចោល ។
នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា មេដឹកនាំដែលបានរៀនសូត្រនៅប៉ារីស—ប៉ុល ពត អៀង សារី នួន ជា និង ស៊ុន សេន—ជាអ្នកក្ដោបក្ដាប់អំណាច ។ រដ្ឋធម្មនុញ្ញថ្មីនៅខែមករា១៩៧៦បានធ្វើឲកម្ពុជាប្រជាធិបតេយ្យជាសាធារណរដ្ឋប្រជាជនកុម្មុយនិស្តមួយ និងសមាជិកសភា២៥០ដែលជាតំណាងរាស្ត្រនៃកម្ពុជា (PRA) ត្រូវបានជ្រើសតាំងនៅខែមិនាដើម្បីជ្រើសរើសមេដឹកនាំសមូហភាពនៃគណៈអចិន្ត្រៃយ៍រដ្ឋ ប្រធាននៃគណៈកម្មាការនេះដែលបានក្លាយជាប្រមុខរដ្ឋ ។
សម្ដេចសីហនុបានលាលែងពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី៤មេសា ។ ថ្ងៃ១៤មេសា បន្ទាប់ពីការប្រជុំលើកទីមួយ សភាប្រជាជនកម្ពុជា (PRA)បានប្រកាសថា ខៀវ សំផន នឹងបានតំណែងគណៈអចិន្ត្រៃយ៍រដ្ឋ (ប្រធានរដ្ឋ) អស់រយៈពេល៥ឆ្នាំ ។ សភាបានជ្រើសសមាជិកគណរដ្ឋមន្ត្រី១៥រូបដែលដឹកនាំដោយប៉ុល ពត ជានាយករដ្ឋមន្ត្រី ។ សម្ដេចសីហនុត្រូវបានចាប់ដាក់ឃុំក្នុងរាជដំណាក់ពិតមែន ។
រដ្ឋាភិបាលថ្មីបានតម្រង់ទៅរកការបង្កើតរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញទាំងស្រុង ។ កំអែលសង្គមចាស់ត្រូវបានលុបបំបាត់និងសាសនា ជាពិសេសព្រះពុទ្ធសាសនា និងសាសនាកាតូលិកត្រូវបានគាបសង្កត់ ។ កសិកម្មដែលត្រូវបានក្លាយជាសមូហភាព និងផ្នែកនៅសល់នៃមូលដ្ឋានឧស្សាហកម្មត្រូវបានបោះចូល រឺក៏ ជំនួសវិញក្រោមការគ្រប់គ្រងរបស់រដ្ឋ ។ កម្ពុជាក៏មិនមានរូបិយវត្ថុរឺក៏ប្រព័ន្ធធនាគារឡើយ ។
ជីវិតក្នុង'របបកម្ពុជាប្រជាធិបតេយ្យ'គឺតឹងតែងដាច់ខាត ហើយនិងកាចសាហាវឃោរឃៅ ។ នៅក្នុងតំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរនិងយកទៅសម្លាប់ចោលដោយសារតែការនិយាយភាសាបរទេស ពាក់វែនតា រកអាហារហូបចុក និងសូម្បីតែការយំសោកចំពោះសពអ្នកដែលជាទីស្រលាញ់ក៏ដោយ ។ អតីតអ្នកជំនួញនិងអ្នករដ្ឋការត្រូវបានដេញតាមចាប់ខ្លួន និងសំលាប់រួមគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមបានភ័យខ្លាច ដោយពួកគេមានជំនឿថាពួកអ្នកទាំងនោះអាចនឹងដឹកនាំឲមានការប្រឆាំងនឹងរបបរបស់ខ្លួន ។ ពួកអ្នកស្មោះស្ម័គ្រនឹងខ្មែរក្រហមដ៏តិចតួចក៏ត្រូវបានគេសម្លាប់ចំពោះការបរាជ័យដើម្បីរកអ្នកប្រឆាំងបដិវត្តន៍មិនគ្រប់គ្រាន់ ដើម្បីយកទៅប្រហារជីវិត ។
ការប៉ាន់ស្មានយ៉ាងប្រាកដប្រជានៃចំនួនអ្នកដែលស្លាប់រវាង ឆ្នាំ១៩៧៥ និង១៩៧៩គឺអាចយកជាការបានទេ ក៏ប៉ុន្តែវាប្រហែលជារាប់រយពាន់នាក់ត្រូវបានយកទៅសម្លាប់ក្នុងរបបនេះ ។ មនុស្សរាប់រយពាន់នាក់បានស្លាប់ដោយសារតែការអត់ឃ្លាននិងជំងឺ (ទាំងក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តកម្ពុជា និងកំឡុងការលុកលុយឈ្លានពានរបស់វៀតណាមនៅឆ្នាំ១៩៧៨) ។ ការប៉ាន់ប្រមាណខ្លះនៃអត្រាមរណៈពី ១ ដល់ ៣លាននាក់ ក្រៅពីប្រជាជនឆ្នាំ១៩៧៥ដែលបានប៉ាន់ស្មាននៅសល់៧.៣លាននាក់ ។ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា៥០,០០០–១០០,០០០ត្រូវបានសម្លាប់ដោយការបន្សុទ្ធកម្មតែមួយគត់ដោយរដ្ឋ និងថា១.៥លាននាក់ (ពីចន្លោះ១.២ដល់១.៨លាននាក់)ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ។[១២]
ទំនាក់ទំនងកម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និងប្រទេសថៃកាន់តែអាក្រក់យ៉ាងលឿនជាលទ្ធផលឲមានការប៉ះទង្គិចគ្នាតាមព្រំដែន និងភាពផ្សេងគ្នានៃមនោគមន៍វិជ្ជា ។ ពេលនោះជនកុម្មុយនិស្ត បក្សកុម្មុយនិស្តកម្ពុជា (CPK) គឺជាបក្សជាតិនិយមដ៏កាចសាហាវ ហើយភាគច្រើននៃសមាជិករបស់បក្សដែលបានរស់នៅវៀតណាមត្រូវបានគេធ្វើបន្សុទ្ធកម្ម ។ កម្ពុជាប្រជាធិបតេយ្យបានបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន និងការប៉ះទង្គិចរវាងកម្ពុជា-វៀតណាមបានក្លាយជាផ្នែកមួយនៃបដិវាដកម្មរវាងចិន-សូវៀតដែលមានម៉ូស្គូនៅពីក្រោយខ្នងវៀតណាម ។ ការប៉ះទង្គិចគ្នាតាមព្រំដែនជាច្រើនលើកបានកាន់តែអាក្រក់ឡើង នៅពេលនោះកងទ័ពកម្ពុជាប្រជាធិបតេយ្យបានវាយប្រហារលើភូមិជាច្រើននៅក្នុងប្រទេសវៀតណាម ។ របបនេះបានបែកប្រេះឆាទំនាក់ទំនងគ្នាជាមួយក្រុងហានណូយក្នុងខែធ្នូ១៩៧៧ ដោយប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់វៀតណាម ដែលបានអះអាងរកបង្កើតសហព័ន្ធឥណ្ឌូចិន ។ នៅពាក់កណ្ដាល ឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមបានចូលលុកលុយកម្ពុជា ដែលរំកិលចូលប្រហែល៣០ miles (៤៨ km)មុនពេលការមកដល់នៃរដូវវស្សា ។
ហេតុផលនៃការឧបត្ថម្ភរបស់ចិនលើបក្សកុម្មុយនិស្តកម្ពុជាគឺដើម្បីទប់ស្កាត់ចលនាឥណ្ឌូចិនតែមួយ និងរក្សាឧត្តមភាពកងទ័ពចិននៅក្នុងតំបន់ ។ សហភាពសូវៀតបានគាំទ្រវៀតណាមឲខ្លាំង ដើម្បីថែរក្សាខ្សែត្រៀមជួរមុខទីពីរប្រឆាំងនឹងចិនក្នុងករណីនៃអរិភាព និងរារាំងការពង្រីកខ្លួនរបស់ចិនបន្ថែមទៀត ។ តាំងពីមរណៈភាពរបស់ស្ទ៉ាលីនមក ទំនាក់ទំនងរវាងចិនដែលគ្រប់គ្រងដោយលោកម៉ៅ និងសហភាពសូវៀតគឺមិនសូវកក់ក្ដៅល្អបំផុតទាល់តែសោះ ។ នៅខែកុម្ភៈដល់មិនា១៩៧៩ ចិននិងវៀតណាមនឹងប្រយុទ្ធគ្នាក្នុងសង្គ្រាមចិន-វៀតណាមរយៈដ៏ខ្លីលើបញ្ហានេះ ។
នៅខែធ្នូ១៩៧៨ វៀតណាមបានប្រកាសការបង្កើតនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (KUFNS) ក្រោមការដឹកនាំរបស់ហេង សំរិន អតីតមេបញ្ជាការកងពលរបស់កម្ពុជាប្រជាធិបតេយ្យ (DK) ។ វាត្រូវបង្កើតឡើងដោយពួកកុម្មុយនិស្តខ្មែរ ដែលបាននៅសេសសល់នៅវៀតណាមបន្ទាប់ពីឆ្នាំ១៩៧៥និងមន្ត្រីរដ្ឋការមួយចំនួន មកពីភូមិភាគបូព៌ា—ដូចជា ហេង សំរិន និង ហ៊ុន សែន—ដែលជាអ្នកបានគេចខ្លួនពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ១៩៧៨ ។ នៅចុងខែធ្នូ១៩៧៨ កងកម្លាំងទ័ពរបស់វៀតណាមបានបើកការលុកលុយពេញទីលើកម្ពុជា ដែលកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃ៧មករា ១៩៧៩ ហើយកំពុងតែរុញច្រានកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ ដែលធ្វើដំនើរឆ្ពោះទៅភាគខាងលិចទៅកាន់ប្រទេសថៃ ។
No comments:
Post a Comment